Saturday, 4 June 2016

ក្រុមគ្រួសាររបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញនិងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារសរុបជិត១០០ឆ្នាំ បានបង្ហោះវីដេអូឃ្លីបមួយដោយទទូចសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយថាលោក ហេង ពៅ ជាមនុស្សស្អាតស្អំ។ កូនស្រីលោក ហេង ពៅ បានរៀបរាប់ទៀតថាតុលាការបានកាត់ទោសករណីឪពុករបស់នាង ដោយអយុត្តិធម៌និងមិនបានពិនិត្យលើភស្តុតាងឲ្យបានត្រឹមត្រូវ។ នាងនិយាយថា៖ បើឪពុកខ្ញុំជាឃាតកពិតប្រាកដ សុំឲ្យបង្ហាញភស្តុតាងមក កុំចោទគាត់ដោយគ្មានភស្តុតាង មានតែពាក្យបណ្តឹងអត់មានភស្តុតាងហើយផ្តន្ទាទោស គ្រាន់តែ៧ករណីសោះឲ្យគាត់ជាប់ទោសដល់ទៅជាង១០០ឆ្នាំ
លោក ហេង ពៅ អតតីស្នងការក្រុងភ្នំពេញ(រូបថតពីហ្វេសប៊ុករបស់កូនស្រី លោក ហេង ពៅ)កូនស្រីរបស់លោក ហេង ពៅ បានឲ្យដឹងទៀតថាឪពុករបស់នាងមិនបានបញ្ជាឲ្យគេទៅសម្លាប់លោក សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះទេ ដោយនាងថានេះជាការលាបពណ៌មួយ។ អ្នកនាងបញ្ជាក់ថា៖ លោកពូអើយ កាលពី១០ឆ្នាំមុន គឺគេលាបពណ៌ប៉ាហើយនិងលោកពូឲ្យមានបញ្ហាជាមួយគ្នា។ នៅក្នុងសំបុត្រអនាមិកនោះ គេអត់បានសរសេរថាប៉ាខ្ញុំបញ្ជាឲ្យហង្ស វុទ្ធា ហៅយំរាជ ទៅបាញ់ធ្វើបាបលោកពូទេ
គួរបញ្ជាក់ថាកាលពីខែតុលា ឆ្នាំ២០១៤ តុលាការកំពូលបានសម្រេចតម្កល់សាលដីកាផ្តន្ទាទោសលោក ហេង ពៅ និងបក្ខពួកពីរនាក់ទៀតពីបទសមគំនិតធ្វើឃាតលោក សៅ សុខា មិនបានសម្រេចកាលពីឆ្នាំ២០០៣។
នាងបានថ្លែងការពារថាលោក ហេង ពៅ បានចាប់ចោរហើយចោរបានប្តឹងរូបលោកឲ្យជាប់ពន្ធនាគារ។ នាងបន្តថាករណីមួយទៀតដែលជាក់ពាក់ព័ន្ធនឹងលោក ហេង ពៅ គឺលោក ហង្ស វុទ្ធី ហៅយមរាជ ជាអតីតមន្ត្រីនគរបាលនិងជាដៃស្ដាំរបស់លោក ហេង ពៅ បានហែកគុកចេញ ដោយនាងថាករណីនេះ មានគេបើកទ្វាររំដោះឲ្យគាត់រត់ចេញ។ កាលពីឆ្នាំ២០០៦ លោក ហង្ស វុទ្ធី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤៥ឆ្នាំពីបទបាញ់សម្លាប់ចៅក្រម សុខ សេដ្ឋាមុនី តែលោកបានរត់គេចខ្លួនពីពន្ធនាគារកាលពីឆ្នាំ២០០៦ ប៉ុន្តែ៦ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១២ លោកបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយនិយាយថាលោកត្រូវគេបង្ខំឲ្យរត់គេចខ្លួន៕


0 comments:

Post a Comment