Wednesday, 29 October 2014

ខួបទី១០ ឆ្នាំ២០១៤ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ នៃព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា


ព្រះរាជពិធីគ្រងរាជសម្បត្តិ​គម្រប់​ខួប ១០​ឆ្នាំ​ នៃព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ​នៅ​មុខ​ព្រះបរមរាជវាំង



ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី ប្រធាន​គណបក្ស​ប្រឆាំង បាន​ចូលរួម​អបអរ​សាទរ ប៉ុន្តែ​អវត្តមាន​សម្ដេច​ម៉ែ និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម។

អង្គ​មីទ្ទិញ​បាន​ប្រារព្ធ​ធ្វើឡើង អម​ដោយ​សំឡេង​ស្រែក​បន្ទរ​ថ្វាយ​ព្រះពរ​ជ័យ​ពី​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ អង្គុយ​តាម​ថ្នាក់ និង​ឈរ​តាម​ផែន​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ តុលា

ក្នុង​ឱកាស​នោះ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​ថា ការ​ប្រារព្ធ​ខួប​នៅ​ពេល​នេះ ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​ជាតិ​មាន​ស្ថិរភាព​នយោបាយ សុខ​សន្តិភាព ត្រូវ​បាន​ធានា​យ៉ាង​ពេញ​លេញ និង​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​សកម្ម។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយរស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ និង​ការពារ​គ្រប់វិស័យ។

ការ​គ្រងរាជ្យ ១០​ឆ្នាំ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដ៏​ល្អ និង​មាន​ព្រះហឫទ័យ​សន្តោស​មេត្តា។ ជា​រឿយៗ ព្រះអង្គ​តែង​តែ​ព្រះរាជ​ទាន​ធនធាន​ផ្ទាល់​របស់​ទ្រង់ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទី​ជនបទ។

យុវជន តាំង ហុងយូ នៅ​រាជធានី​ភ្នំពេញ និយាយ​ថា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ​ល្អ ព្រោះ​ចាប់​តាំង​ពី​ទ្រង់​គ្រងរាជ្យ​សម្បត្តិ ១០​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាន​សុខសាន្ត​គ្មាន​សង្គ្រាម។ លោក ហុងយូ បន្ត​ថា ទ្រង់​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើន​តាម​រយៈ​ព្រះរាជ​អំណោយ​របស់​ព្រះអង្គ

ព្រះមហាក្សត្រ​មាន​ព្រះជន្ម ៦២​ព្រះវស្សា។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​សម្បត្តិ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ សម្ដេច​ព្រះ​នរោត្តម សីហនុ ដាក់​រាជ្យ​ជា​លើក​ទី​២ និង​ជា​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០០៤។ ព្រះអង្គ​គ្រងរាជ្យ​សម្បត្តិ តែ​មិន​កាន់​អំណាច​ទេ។ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​រាជបុត្រ​ច្បង​របស់​សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និង​ព្រះរាជ​មាតា​ព្រះនាម នរោត្ដម មុនីនាថ សីហនុ។

កញ្ញា ង៉ែត សុធានី មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​ជា​អង្គ​ក្សត្រ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រជារាស្ត្រ ពោរពេញ​ដោយ​ព្រះ​កាយវិការ​ថ្លៃថ្នូរ។ កញ្ញា​រំពឹង​ថា ព្រះអង្គ​នៅ​តែ​មាន​ព្រះរាជ​សកម្មភាព​បែប​នេះ និង​ស្នើ​ឲ្យ​ព្រះអង្គ​យក​គំរូ​តាម​ព្រះរាជ​បិតា​របស់​ព្រះអង្គ

ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជ​សម្ភព​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។ ក្រុមប្រឹក្សា​រាជបល្ល័ង្ក បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ជំនួស​ព្រះបិតា​របស់​ព្រះអង្គ ដោយ​សំឡេង​ឯកច្ឆន្ទ ៩ លើ ៩​សំឡេង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤៕
(សូមអញ្ជើញតាមដានស្តាប់ព័ត៌មានសំខាន់ៗ ទស្សនវិភាគ​ កិច្ចពិភាក្សាតុមូល​ និងកិច្ចសម្ភាសន៍​ពិស្តារជាសមេ្លងប្រចាំថ្ងៃបន្តទៀតតាមវិទ្យុសមេ្លងជ័យវរ័្មនទី៧)លោកអ្នកក៏អាច download ព័ត៌មាន ​និងនាទីផ្សេងៗ​ទៀតជាសម្លេងតាមរយៈ​បណ្តាញ​​សង្គម Facebook

0 comments:

Post a Comment