Friday, 12 September 2014

ប្រជុំក្រុម​ប្រឹក្សា​​រាជធានី​​អាណត្តិទី២​លើកដំបូង​ ​តំណាងបក្ស​ប្រឆាំង​ដើរចេញ

រាជធានីភ្នំពេញ ​៖ ក្រុមប្រឹក្សា​​រាជធានី​អាណត្តិទី២​ ​បានបើកកិច្ច​ប្រជុំ​វិសាមញ្ញ​លើកទី៤​របស់ខ្លួន​លើកដំបូង ​​ដើម្បីពិភាក្សា​​និងអនុម័ត​ទៅ​លើរបៀបវារៈ​សំខាន់ៗ​មួយចំនួន។ កិច្ច​ប្រជុំ​​ដែលបានប្រព្រឹត្ត​​ទៅនៅសាលប្រជុំ​​សាលារាជធានីភ្នំពេញ ​​​នា​ព្រឹក​ថ្ងៃទី១១ ​កញ្ញា ​២០១៤​ ​ក្រោមអធិបតីភាព ​​លោក ម៉ប់ សារិន​​ ប្រធានក្រុម​ប្រឹក្សា​រាជធានី​ ក៍មានការ​ចូលរួម​ពី​សមា​ជិក​​ក្រុម​ប្រឹក្សា​រាជធានី​​មកពីគណបក្ស​​សង្គ្រោះ​ជាតិ​​ផងដែរ ។

សេចក្តីរាយការណ៍​​បានបន្តថា​​បន្ទាប់ពីបាន​ពិភាក្សា​​និងអនុម័ត​ទៅលើរបៀវារៈ​ចំនួន០៣នោះ​រួចមក​ ​លុះ​ដល់​របៀប​វារៈ​ទី៤ ​​ទាក់ទងទៅ​នឹងការ​រៀបចំ​សមាសភាព​គណៈកម្មការ​លទ្ឋកម្ម​ ​តំណាងសមាជិក​​ក្រុមប្រឹក្សា​រាជធានី​មកពីគណបក្ស​សង្គ្រោះជាតិ​ ​ក៍បានហៅ​​សមាជិកខ្លួន​០៤នាក់ទៀត​ ដើរចេញពី​អង្គប្រជុំ​។ ការដើរចេញ​ពី​អង្គប្រជុំ​ក្រុមប្រឹក្សា​រាជ​ធានី​ភ្នំ​ពេញ ​​​ដែលមាន​សមាជិក​សរុប២១នាក់នោះ​​ គឺដោយសារ​​ខាងតំណាងបក្សប្រឆាំង​​លើកឡើង​​​ដោយ​ចង់​​បញ្ចូល​សមាជិក​​គណបក្ស​​សង្គ្រោះជាតិ​​​នៅក្នុងគណៈកម្មការ​​លទ្ឋកម្ម ​ឬ ​​ក៍សុំឲ្យអង្គប្រជុំ​លើកពេល​ពិភាក្សា​​ និងអនុម័ត​របៀបវារៈទី៤​​នេះសិន ។

យ៉ាងណា​ក៍ដោយ​ ​លោក ម៉ន ផល្លា​ ​ដែលតំណាង​ឲ្យសមាជិក​ក្រុមប្រឹក្សា​រាជធានីភ្នំពេញ​​មកពីគណបក្ស​​សង្គ្រោះជាតិ​​ បានបញ្ជាក់ដែរថា ​​លោកនឹងដឹកនំា​សមាជិក​ខ្លួន​ចូលប្រជុំ​នៅ​ពេលក្រោយៗ​បន្តទៀត។ សេចក្តី​​រាយ​ការណ៍​​​បាន​បញ្ជាក់​ឲ្យ​ដឹងទៀតថា​ ​បន្ទាប់ពីដើរ​ចេញពី​អង្គប្រជុំ​ក្រុមប្រឹក្សា​រាជធានី​អាណត្តិទី២​លើកដំបូង​​​បន្ទាប់ពីការបោះឆ្នោត​​នោះរួចមក ​​លោក ម៉ន ផល្លា ​ក៍បានដឹកនំា​​សមាជិកខ្លួន​​ទៅរៀបចំធ្វើ​​សន្និសីទ​កាសែត​​​នៅទីស្នាក់ការ​​កណ្តាល​គណបក្សសង្គ្រោះ​ជាតិ​ ​ដែល​មានទីតំាង​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២​ ក្នុងសង្កាត់​ចាក់អ​ង្រែលើ ​​ខណ្ឌមានជ័យ ៕

0 comments:

Post a Comment