Wednesday, 10 September 2014

ឆ្នាំនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិអន្តរជាតិ​ ​ហាមកីឡាក​រអុំទូក​ស្លៀកសម្លៀក​​បំពាក់​ផ្សាយ​​ពាណិជ្ជកម្ម

រាជធានីភ្នំពេញ​​ ៖ ប្រធាន​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​​ សម្តេច​ចៅហ្វាវំាង​​ គង់ សំអុល ​​បាន​មាន​ប្រសាសន៍​ថា​ ​កីឡាករ​កីឡាការិនី​​ទំាងអស់​ដែលចូលរួម​​ប្រកួតក្នុងព្រះរាជពិធី​​បុណ្យអុំទូក​​នៅឆ្នាំនេះ​ ​មិនអនុញ្ញាត​​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​​​​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​​ណាឡើយ។ លោក​​​ឧបនាយករដ្ឋមន្រ្តី ​​គង់ សំអុល​​មាន​ប្រសាសន៍​​បែបនេះ​​ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំ​អន្តរក្រសួង ​និង​តំណាង​​អាជ្ញាធររាជធានី​-ខេត្ត​ ​នាព្រឹកថ្ងៃទី១០​​ កញ្ញា ​២០១៤​ ​នៅសាល​សន្និសីទ​ចតុមុខ ។

បើតាម​​សម្តេច​ចៅហ្វាវំាង​ ​​ចំនួនទូកង​ ​​ទំាងទូកអុំ​​និងចែវ​​​ដែលមាន​ចំណុះចាប់ពី​១៨ខ្ទង់ឡើង​ទៅ​ ​និងជា​ប្រភេទទូក​​​មាន​ល្បឿន​លឿន​​​សរុបបណ្តោះ​អាសន្ន​មានជាង​​ ៣៩០ទូក​​ ​​នឹងចូលរួម​ប្រណំាង​នៅក្នុងឆ្នាំនេះ​ ​ហើយប្រទីប​​មានចំនួន០៩​ រួមមាន៖​ ប្រទីប​ព្រះបរមរាជវំាង​ ​ព្រឹទ្ឋសភា​​ រដ្ឋសភា​ ​រាជរដ្ឋាភិបាល​ ​ក្រសួងមហាផ្ទៃ ​ក្រសួងការពារជាតិ ​​ក្រសួងយុត្តិធ៌ម ​​ក្រសួងទេសចរណ៍​ ​និង​ ​ប្រទីបរបស់​សាលារាជធានី​​ភ្នំពេញ ។

នៅក្នុងឱកាសនោះ​ដែរ ​​លោកប្រធាន​​គណៈកម្មាធិការ​​ជាតិរៀបចំ​​បុណ្យជាតិ-​អន្តរជាតិ ​ក៍បានណែនំា​​ដល់អាជ្ញាធររាជធានី​​ភ្នំពេញ​ ​ត្រូវរៀបចំ​​បង្គន់អនាម័យ​​ និង ​ទីតំាង​សង្គ្រោះ​បន្ទាន់​ឲ្យបានច្រើនកន្លែង ​​ហើយថានៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះដែរ ​មិនអនុញ្ញាត​ឲ្យមានស្តង់លក់ដូរ​ ​​ចាប់ពីមុខ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា ​(ជិតវត្តភ្នំ) ​រហូតដល់​​មុខវត្តឧណ្ណាឡោម​ ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​​ចូលមើលការ​​ប្រណំាងទូក និង​ងាយស្រួល​​ការពារ​សន្តិសុខ ។

តាមគម្រោង​​ព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​​ សំពះព្រះខែ​​និងអកអំបុក ​នឹងបា្ររព្ឋធ្វើ​នៅមុខ​ព្រះបរម​រាជវំាង​​រយៈ​ពេល​០៣ថ្ងៃ​ ​ចាប់ពីថ្ងៃទី០៥​ដល់​ថ្ងៃទី០៧​ វិច្ឆិកា​ ​២០១៤ ។

គួរបញ្ជាក់ផងដែរថា​​ ព្រះរាជពិធីបុណ្យ​​អុំទូក​ដែលមាន​មនុស្ស​រាប់សែននាក់ ​មកពីគ្រប់ទិសទី​ទូទំាង​​ព្រះរាជាណាចក្រ​​កម្ពុជា​ប្រមូលផ្តុំគ្នា​នៅ​រាជធានីភ្នំពេញនេះ​ ត្រូវបាន​រាជរដ្ឋាភិបាល​​ផ្អាកបា្ររព្ឋធ្វើបីឆ្នាំជាប់ៗ​គ្នា​ចាប់តំាងពី​ឆ្នាំ​២០១១មក ដោយ​ហេតុផល​​​មានមនុស្ស​ជាង៣៥០នាក់​​បានស្លាប់ ​និងរបួស​ជាច្រើននាក់​ អំឡុងពេល​ថ្ងៃបង្ហើយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​​​កាលពីថ្ងៃទី២២ ​វិច្ឆិកា​​២០១០​ ដែលការស្លាប់​​និងរបួសមនុស្ស​ជា​ច្រើននាក់​នាពេលនោះ​ដែរ ​បានត្រូវអាជ្ញាធរ​អះ​អាង​ថា​ ​បណ្តាល​មកពី​ការរត់ជាន់គ្នា​ ​និង​​ហេតុផលគ្រោះទឹកជំនន់ ​និង ​ការយាងចូល​ទិវង្គត​របស់​សម្តេចឪ​ ​នរោត្តមសីហនុ​​ (ព្រះបរមរតនកោដ្ឋ ) ៕

0 comments:

Post a Comment