Thursday, 25 September 2014

មន្ត្រី​គណៈកម្មការ​ទី​១នៃ​រដ្ឋសភា​គ្រោងនឹង​ចុះ​ទៅអង្កេតអំពី​ទំនាស់​ដីធ្លី​នៅ​ឡពាង​ក្រោយ​ពេលបុណ្យ​ភ្ជុំបិណ្ឌរួច

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា កំពុង​ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ រួម​មាន​ពី​អង្គការ​សង្គម​ស៊ីវិល ពី​ពលរដ្ឋ និង​ខាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដើម្បី​ត្រៀម​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន។
អ្នក​ភូមិ​ឡពាង បាន​បោះបង់​ការ​តវ៉ា​នៅ​មូលដ្ឋាន បន្ទាប់ពី​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​បាន​វេច​បង្វេច​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ តាំង​ពី​ខែ​សីហា។ អ្នក​ភូមិ​ឡពាង បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​លើក​ទៅ​រដ្ឋ​សភា ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ជួយ​ដោះស្រាយ​វិវាទ​នេះ។
​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​ឡពាង មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឲ្យ​លោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​មូលដ្ឋាន​មុន​នឹង​សម្រេច​បញ្ជូន​ករណី​នេះ​បន្ត​ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​អន្តរាគមន៍។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ឡពាង ចង់​បញ្ចប់​ករណី​វិវាទ​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ចង់​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​រឿង​នេះ។
​លោក អេង ឆៃអ៊ាង៖ «គណៈកម្មការ​ទី​១​នឹង​រៀបចំ​ក្រុម​ការងារ​ដើម្បី​ចុះ​ទៅ​អង្កេត​រឿង​ហ្នឹង​សិន អង្កេត​ឲ្យ​ដឹង​ច្បាស់​សិន រួច​ហើយ​បាន​គណៈកម្មការ​នឹង​ផ្ដល់​ព័ត៌មាន​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ បើ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​ក្រុមហ៊ុន ទាំង​ប្រជាពលរដ្ឋ លោក​ចង់​ឲ្យ​គណៈកម្មការ​ទី​១ ធ្វើ​ជា​អ្នក​សម្របសម្រួល យើង​នឹង​ដើរ​តួនាទី​ហ្នឹង តែ​បើ​ពលរដ្ឋ​អត់​ត្រូវការ​ទេ ចង់​ឲ្យ​និយាយ​រឿង​យុត្តិធម៌ និយាយ​ពី​រឿង​ឈ្នះ​ចាញ់ យើង​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ស្ថាប័ន​សម្រាប់​ការ​ដោះស្រាយ ធ្វើការ​ដោះស្រាយ ហើយ​គណៈកម្មការ​ទី​១​នេះ នឹង​ឃ្លាំមើល​ដំណើរការ​នេះ»
​អ្នក​ភូមិ​ឡពាង​ចំនួន ៨៣​គ្រួសារ នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ទំហំ ១៨៣​ហិកតារ។ ជម្លោះ​នេះ​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ ហើយ​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤ នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ និង​កម្លាំង​កម្មករ​រាប់​រយ​នាក់​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះនោះ។
របាយការណ៍​​រក​ឃើញ​ថា ថ្នាក់ដឹកនាំ​បាន​ចូលរួម​តិចតួច​បំផុត​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ ដោយ​គ្រាន់តែ​ចេញ​លិខិត​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​ចេញ​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដែល​លិខិត​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្អាក​ដំណើរការ​របស់​ក្រុមហ៊ុន ឬ​បាន​ដោះស្រាយ​លើ​ចំណុច​ណា​មួយ​ឡើយ។ ការ​ដាក់​កងកម្លាំង​ដើម្បី​ការពារ ប៉ុន្តែ​បែរ​ជា​រឹត​បន្តឹង​សេរីភាព​របស់​ពលរដ្ឋទៅវិញ។
ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ធ្លាក់​ចុះ​ផ្នែក​ស្មារតី​និង​ជីវភាព រី​ឯ​ក្មេងៗ​តូចៗ​វិញ រង​ផល​ប៉ះពាល់​ដល់​សុខភាព​និង​ប្រាជ្ញា ក្រោយ​ពី​រង​របួស​ក្បាល​និង​រាង​កាយ​ក្នុង​ព្រឹត្តិការណ៍​ដែល​ក្រុម​កម្មករ​ក្រុមហ៊ុន និង​អ្នក​ភូមិ​ឡពាង ប្រយុទ្ធ​គ្នា​ដោយ​ចម្ពាម​កៅស៊ូ និង​ដំបង​កាលពី​ខែ​មិថុនា កន្លង​មក៕

ដកស្រង់ព័ត៌មានពីគេហទំព័ររបស់វិទ្យុអាស៊ីសេរី​ http://www.rfa.org/khmer/news​ 

0 comments:

Post a Comment