Tuesday, 23 September 2014

អង្គការសង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​ប្រឆាំង​និង​ការ​ទទួល​ស្គាល់​ក្រុមហ៊ុន​វៀតណាម​រ៉ាប់ប៊ឺ​គ្រូប អង្គការ​និងប្រជាពលរដ្ឋខ្មែរ​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់នៅក្នុងប្រទេសកម្ពុជា

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ក្លូបប៊ល វីតណែស្ស ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ក្រុម​អភិជន ឬ​ក្រុម​អ្នក​មាន​វណ្ណៈ​ខ្ពស់​នៅ​សហស្សវត្ស​ទី​២១​នេះ បាន​មក​ពី​លាភ​សក្ការៈ​នៃ​ការ​ដាំ​ដុះ​ដំណាំ​កៅស៊ូ។ ជាក់ស្ដែង ក្រុមហ៊ុន​វៀតណាម បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ភាព​មាន​បាន​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​នេះ ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ តាម​រយៈ​ការ​ទិញ​ផលិតផល​កៅស៊ូ​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។
ដោយ​ឡែក ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​របស់​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​កៅស៊ូ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​វៀតណាម ឈ្មោះ វៀតណាម រ៉ាប់ប៊ឺ គ្រូប។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​ប្រមាណ ២​សែន​ហិកតារ​នៅ​ប្រទេស​កម្ពុជា។ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​តំណាង​របស់​ខ្លួន ក្នុង​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ចំនួន ៤៦​ក្រុមហ៊ុន។
ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ប្រកាស​ថានឹងដោះស្រាយ​ចំពោះ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ក្នុង​នោះ​រួម​មាន អ្នក​រងគ្រោះ​អាច​ដាក់​ពាក្យ​បណ្ដឹង និង​ចោទ​សួរ​សំណួរ​នានា​ដល់​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ហើយ​ក្រុមហ៊ុន​វិញ សន្យា​ថា​នឹង​ឆ្លើយ​តប​នៅ​ក្នុង​រយៈពេល ៣០​ថ្ងៃ។ អង្គការ​សង្គម​ស៊ីវិល បាន​សាទរ​ចំពោះ​វិធានការ​នេះ។ ចំណែក​អង្គការ ក្លូបប៊ល វីតណែស្ស ក៏​បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​អបអរ​សាទរ កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៤។ ទោះ​ជា​យ៉ាង​ណា ក្លូបប៊ល វីតណែស្ស បាន​លើក​ឡើង​ថា បើ​ទោះ​ជា​ក្រុមហ៊ុន​ដាំ​កៅស៊ូ​វៀតណាម បាន​ប្រកាស​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ក៏ដោយ ប៉ុន្តែ​អង្គការ​នេះ​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ និង​ការ​កាប់​ឆ្ការ​ព្រៃ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ទាំងអស់​នោះ៕

0 comments:

Post a Comment