Monday, 15 September 2014

ក្រុមសហជីព​កម្មករ​ប្រកាសគម្រោង​បន្តទាមទារ​បា្រក់ខែកម្មករ​១៧៧ដុល្លារ ដោយចាប់ផ្តើម​ពីថ្ងៃទី១៧កញ្ញា

រាជធានី​ភ្នំពេញ​ ៖ ក្រុម​សហជីព​​កម្មករ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​សម្តែង​ការ​ព្រួយបារម្ភ​​ចំពោះ​ការ​ទាមទារ​​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ ​។ ការ​ព្រួយបារម្ភ​រ​បស់​​ក្រុម​សហជីព​ពី​​ការ​ទាមទារ​ប្រាក់​ឈ្នួល​នេះ​ បន្ទាប់​ពី​ភាគី​​និយោជក​ព្រមព្រៀង​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​១១០​ដុល្លារ​ក្នុង​មួយ​ខែ​ចាប់ពីខែមករា២០១៥​ ប៉ុន្តែ​ក្រុម​សហជីព​នៅ​តែ​ប្រកាស​ធ្វើ​​យុទ្ធនាការ​នៅ​ថ្ងៃ​ទី​១៧​ កញ្ញា ខាង​មុខ ​ដើម្បីទាមទារ​ប្រាក់​ឈ្នួល​​អប្បបរមា​ចំនួន​១៧៧​ដុល្លារ ។

​សេចក្តីថ្លែងការណ៍​​រួម​របស់​ក្រុម​សហជីព ​បាន​លើក​ឡើង​ថា ​យើង​ទាំងអស់​គ្នា ជា​ថ្នាក់ដឹកនាំ​​សហព័ន្ធ​សហជីព ​ដែល​តំណាង​ឱ្យ​កម្មករ​-​និយោជិត​ក្​នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា ​បាន​សង្កេត​ឃើញ​ថា ​សំណើ​មួយ​ចំនួន​​របស់​សហជីព​មិន​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​​ដោះស្រាយ​ជូន​ឡើយ​ ។ ដូច្នេះ ក្រុម​សហជីព​​ទាមទារ​នេះ​​ដោយ​យល់​ឃើញ​ថា​ បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​-​​និយោជិត​​នៅ​មិន​ទាន់​ធានា​​ឱ្យ​កម្មករ​រស់នៅ​សមរម្យ​នៅ​ឡើយ​ទេ ។ ការ​រឹតត្បិត​បញ្ជិកា​សហជីព ​ការ​ប្រើប្រាស់​​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​​លើ​មេដឹកនាំ​ និង​សកម្មជន​​សហជីព​តាម​បណ្តា​រោងចក្រ ​ឱ្យ​បញ្ឈប់​ការ​តវ៉ា​ផ្សេង​ៗ​នៅ​តែ​​ជា​បញ្ហា​ប្រឈម ។

ជាក់ស្តែង​រយៈពេល​​ចុង​ក្រោយ​នេះ ​សហជីព​បាន​​ប្រកាស​ពី​គម្រោង​​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​ចំនួន​​១៧៧​ដុល្លារ ​ដោយ​គ្រោង​ចាប់ផ្តើម​​នៅ​ថ្ងៃ​ទី​១៧ ក​ញ្ញា តទៅ ក៏​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឱ្យ​​មេដឹកនាំ​​សហជីព​ចំនួន​៦​នាក់ ចូល​បំភ្លឺ​​ក្រោម​ការ​ចោទប្រកាន់​​ពី​បទ​ហិង្សា​​ដោយ​ចេតនា​​មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឱ្យ​ខូចខាត​​ដោយ​ចេតនា​មាន​​ស្ថាន​ទម្ងន់ទោស ​គំរាមកំហែង​​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​​បញ្ហា​អ្វីមួយ ​និង​ប្រើប្រាស់​មធ្យោបាយ​​ដើម្បី​ជា​ឧបសគ្គ​ដល់​​ចរាចរណ៍​សាធារណៈ ។

សេចក្តីថ្លែងការណ៍​​ដដែល​បាន​លើក​​ឡើង​ទៀត​ថា​ ការ​ប្រើប្រាស់​​ប្រព័ន្ធ​តុលាការ​​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​​លើ​មេដឹកនាំ​សហជីព​ ក្នុងអំឡុងពេល​រៀបចំ​​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​ និង​ជា​ការ​គំរាមកំហែង​​ផ្នែក​ស្មារតី​ បំបិទ​សិទ្ធិ​សេរីភាព​​សហជីព​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជា​ចេតនា​​ច្បាស់​ក្រឡែត​ ដើម្បី​ឱ្យ​មេដឹកនាំ​​សហជីព​បញ្ឈប់​​សកម្មភាព​តវ៉ា​ពី​បញ្ហា​​ប្រាក់​ឈ្នួល ។ ទោះជា​យ៉ាងណា​ក្តី​ ក្រុម​សហជីព​នៅ​តែ​​ប្រកាន់​ជំហរ​ដដែល​គឺ ៖
១-​នៅ​តែ​បន្ត​​ធ្វើ​យុទ្ធនាការ​ឱ្យ​​និយោជក ​រាជរដ្ឋាភិបាល​ និង​អ្នកបញ្ជា​ទិញ ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​​កម្មករ​-​និយោជិត ​ឱ្យ​បាន​១៧៧​ដុល្លារ ​ឬ​ប្រាក់​ឈ្នួល​មួយ​​សមរម្យ​ដែល​អាច​ទទួលយក​បាន ​។ ២-​សូម​ឱ្យ​និយោជក​ និង​តុលាការ​ ដក​ពាក្យបណ្តឹង ​និង​​លើកលែង​ការ​ចោទប្រកាន់​​ទាំងអស់​​មក​លើ​មេដឹកនាំ​​សហជីព ​និង​សកម្មជន​​សហជីព​នៅ​តាម​បណ្តា​រោងចក្រ ​។ ៣-​ស្នើ​ឱ្យ​ក្រសួង​​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​អនុវត្ត​ការ​ចុះបញ្ជី​​សហជីព​​ដូច​មុន ៕

0 comments:

Post a Comment