Wednesday, 9 July 2014

ឧទ្យាន​​សត្វ​ចិន​ឱ្យ​​ដំរី​បង្ហាញ​ក្បាច់​គុន​​កុង​ហ៊្វូ រង​ការ​រិះ​គន់​ថា​ជា​​ការ​ធ្វើ​ទារុណ​​កម្ម​សត្វ​​

សកម្ម​ជន​ការ​ពារ​សិទ្ធិសត្វ​បាន​រិះ​គន់​ឧទ្យាន​សត្វ​ក្នុង​ប្រទេស​ចិន​ដែល​ធ្វើ​ទារុណ​កម្ម​សត្វ​ដំរី​ ដោយ​ឱ្យ​វា​បញ្ចេញ​ក្បាច់​គុន​ការ​ពារ​ខ្លួន​ «កុង​ហ៊្វូ» ។ ដំរី​ត្រូវ​គេ​បញ្ជា​ឱ្យ​ធ្វើ​បែប​នោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​លើ​រាង​កាយ​ ​និង​ផ្លូវ​ចិត្ត​របស់​វា ។ឧទ្យាន​សត្វ​ធៀន​ជីន​​​ បាន​បង្ហាញ​ដំរី​២​ក្បាល​ឈរ​នៅ​លើ​បង្គោល​ និង​ដើរ​ឆ្លង​ស្ពាន​ឈើ​មាន​ក្តា​រ​មួយ​បន្ទះ​ ដូច​ជា​មនុស្ស​ហាត់​ក្បាច់​គុន​កុង​ហ៊្វូ។
ឧទ្យាន​សត្វ​ឱ្យ​ដំរី​សម្តែង​ក្បាច់​គុន​កុង​ហ៊្វូនោះ​ បើក​ឱ្យ​ទស្សនិក​ជន​ទិញ​សំបុត្រ​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​២​០ ឧសភា បន្ត​មក​ដល់​ខែ​កក្កដា ២០១៤​នេះ​ និង​នៅ​បន្ត​ទៅ​ទៀត​ ។ តម្លៃ​​សំបុត្រ​ចូល​ទស្សនា​១០​យាន់​ ស្មើ​នឹង​១,៥​ដុល្លារ​ និង​ប្រសិន​បើ​ចង់​ថត​រូប​ដំរី​ត្រូវ​បង់​បន្ថែម​៦០​យាន់​ទៀត ។ ការ​សម្តែង​នេះ​រៀប​ចំ​ឡើង​ចំនួន​៥​លើក​ក្នុង​មួយ​ថ្ងៃ​ ក្នុង​មួយ​លើក​រយៈ​ពេល​២០​នាទី​ ហើយ​អ្នក​រៀប​ចំ​បន្ថែម​ម៉ោង​សម្តែង​នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត​ ។

ផ្នែក​មួយ​នៃ​ការ​សម្តែង​ដ៏​គួរ​ឱ្យ​រន្ធត់​ គឺ​ដំរី​ឡើង​ជំទើត​លើ​សសរ​ដែក​ និង​លើក​ជើង​ក្រោយ​ទាំង​២​ឡើយ​លើ​ ដោយ​ទម្លាក់​ទម្ងន់​ដង​ខ្លួន​នៅ​ជើង​ខាង​មុខ ។ លោក​ស្រី ហ៊ូ​ ឆើន​ម៉េ នៅ​មហា​វិទ្យា​ល័យ​ធម្ម​ជាតិ បាន​អះ​អាង​ពី​កិច្ច​ពិភាក្សា​របស់​អ្នក​សត្វ​វិទ្យា​ និង​ពេទ្យ​សត្វ​ថា «ការ​បញ្ជា​ឱ្យ​ដំរី​ទម្លាក់​ទម្ងន់​លើ​​ជើង​មុខ​ និង​លុត​ជង្គង់​ចាត់​ទុក​ថា​ខុស​ពី​ធម្ម​ជាតិ​​ បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​ និង​ផ្លូវ​ចិត្ត​របស់​វា​» ។

ក្រៅ​ពី​នេះ​ការ​សម្តែង​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ទស្ស​និក​ជន​ ព្រោះ​លោក​ស្រី​ ហ៊ូ​ ឆើន​ម៉េ យល់​ថា ដំរី​អាច​ចុះ​ប្រេង ប្រសិន​បើ​បង្ខំ​ឱ្យ​សម្តែង​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ ខណៈ​ឧទ្យាន​​សត្វ​គ្មាន​បទ​ដ្ឋាន​សម្រាប់​ការ​ពារ​សុវត្ថិ​ភាព​ពេញ​លេញ​ដល់​អ្នក​ទស្សនា​ទេ ។បច្ចុ​ប្បន្ន​នៅ​ក្នុង​ប្រទេស​ចិន​ការ​ប្រឆាំង​ចំពោះ​​ការ​ប្រើ​សត្វ​ឱ្យ​សម្តែង​បាន​កើន​ឡើង​ដែល​ជា​សញ្ញា​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​បាន​យល់​ច្បាស់​ពី​ការ​ការ​ពារ​សត្វ​ ៕

0 comments:

Post a Comment