Wednesday, 30 July 2014

ប្រធានអង្គការសិទិ្ធមនុស្ស លីកាដូ ត្រូវបានគណបក្សទាំងពីរ ជ្រើសរើសជាសមាសភាពទី៩ នៅក្នុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

តាមការគ្រោងទុករបស់អ្នក​​​តាម​​ដាន​​​ស្ថានការណ៍​​នយោបា​យ ក៏ដូចជាអ្នក​វិភាគ​មួយចំនួនថា លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និងការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO) ត្រូវបានគណបក្សប្រជាជនកម្ពុជា និង គណបក្ស​សង្រ្គោះ​ជាតិបានឯកភាពគ្នា​សម្រេច​​ដាក់បញ្ចូលជាបេក្ខជនទី៩ នៃគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គ.ជ.ប)។​ បើទោះបីជាមិនទាន់ប្រកាសជា​ផ្លូវការក៏ដោយ ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងស្រុក​ស្រង់សំដីមន្រ្តីរដ្ឋាភិបាល និង មន្រ្តី​គណបក្សនយោបាយ ចុះផ្សាយនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះភ្លាមៗ បន្ទាប់ពី​ទទួល​បាន​សំណើពីគណបក្ស​នយោបាយ ដែលទទួលបានអាសនៈ​នៅក្នុង​រដ្ឋសភានីតិកាលទី៥នេះ។
        ចំណែកឯ លោកស្រី ពុង ឈីវកេក បានកោះប្រជុំផ្ទៃក្នុងអង្គការរបស់​លោកស្រី ដើម្បីសមេ្រចថាតើ គួរយល់ព្រម ឬក៏មិនទទួលយកសំណើធ្វើជា​សមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។​​ ឯលោកស្រីថានឹង​ប្រកាសនៅថ្ងៃស្អែក។ កុ្រមដែលស្គាល់លោកស្រីប្រធានអង្គការមួយនេះ បានលើកឡើងផ្ទាល់ខ្លួនថា តើ​លោកស្រី​ ពុង​ ឈីវកេក ពិតជាមនុស្សឯករាជ្យ ហើយនឹងអាចជួយស្ថាប័ន និងកំណត់​វាសនាប្រទេសជាតិឱ្យមានឯករាជ្យភាព​ យុតិ្តធម៌ និងការបោះឆ្នោតត្រឹមត្រូវ​បានដែរឬ​យ៉ាងណា?  នៅក្នុងអាណតិ្តទី៦​ខាងមុខនេះ។

        ទស្សនៈអ្នកតាមដានខ្លះយល់ថា លោកស្រី ពុង​ ឈីវកេក មិនអាចសម្រប​ខ្លួនពិត​ប្រាកដឱ្យក្លាយជាមនុស្សឯករាជ្យបានទេ មិនបាននៅត្រង់ថា លោកស្រី ធ្លាប់បានជួយ​ជំនួប​ចរចាលើកដំបូងរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា​គ្រប់គ្រង​ដោយ​យួន និង សមេ្តចព្រះនរោត្តម សី ហនុ តំណាងឱ្យក្រុមខ្មែរត្រីភាគី ហ្រ្វេអង់តាដឺន័រ ប្រទេសបារាំង នៅឆ្នាំ១៩៨៧ ក្រោយកិច្ចព្រមព្រៀងទីកុ្រងប៉ារីស ២៣​ តុលា ឆ្នាំ១៩៩១ បានទទួលជោគជ័យ​ដែលបានមកពីលទ្ធផលជំនួបដំបូងខាង​លើនេះ​រួចមក លោកស្រី ពុង​ ឈីវកេក បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញនៅឆ្នាំ​១៩៩២។​ បន្ទាប់មកបាន​និរទេសខ្លួនទៅរស់នៅប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំ និងបានបង្កើត​អង្គការសិទិ្ធមនុស្ស លីកាដូ ចាប់តាំងពីឆ្នាំនោះមក។  អី្វដែលជាការ​កត់​សម្គាល់​​រាល់​សកម្មភាពការពារសិទ្ធិសម្តែងមតិនានា ឬការទាមទារសិទ្ធិផ្សេងៗ ដែល​កើត​​មានអំពើហិង្សាមួយចំនួនក្តី គេកម្រនឹងឃើញលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ធ្វើការរិះគន់ ឬនិយាយវាយប្រហារដោយចំៗទៅលើអង្គការដែលគ្រប់គ្រងដោយ​លោកស្រី ពុង ឈីវកេក​ ណាស់ ហាក់ដូចជាមានការយោជយល់ អធ្យាស្រ័យ ឬក៏​មានកុងសង់សីសណាមួយ ដែលធ្លាប់និយាយផ្ទាល់មាត់ ឬចុះហត្ថលេខាជា​មួយគ្នា ម្យ៉ាងទៀត សាច់ញាតិលោកស្រី ពុង​ ឈីវកេក គឺ ឧកញ៉ា ពុង ឃាវសែ គឺជាមនុស្ស​ស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេសលើមុខរបរ​រកស៊ី លើផែ្នក​ធនាគារ និងសំណង់អចនៈទ្រព្យ។ល។  នេះគ្រាន់តែជាការរៀបរាប់ដោយសង្ខេបខី្លៗ ដែលវិទ្យុសំឡេងព្រះបាទជ័យវរ័្មនទី៧ លើកយកមកជំរាបជូន​លោកអ្នកពិចារណាតែ​ប៉ុណ្ណោះ។

        ដូច្នេះហើយចំណុចខាងលើនេះ គឺជាហេតុផលមួយដែលគិតថា លោកស្រី ពុង​​ ឈីវកេក មិនមែនជាមនុស្សឯករាជ្យឡើយ យ៉ាងណាក៏ដោយ គេនៅរង់ចាំ​មើលថាតើ ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលព្រមព្រៀង​ដោយគណបក្ស​សង្រ្គោះជាតិ និង គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាំស្ថាប័ន​ដែលនឹងមិនត្រូវរងនូវ​ការរិះគន់ពីសំណាក់ម្ចាស់ឆ្នោតឬយ៉ាងណានោះ គឺនៅរង់ចាំ​មើលការបោះឆ្នោត​អាណត្តិ​ក្រោយទៀត។ យ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្តល់បទសម្ភាសន៍​ឱ្យវិទ្យុសំឡេងព្រះបាទជ័យវរ័្មនទី៧ថា​ ប្រសិនបើ​លោកស្រី ពុង ឈីវកេក សម្រេចចិត្ត​ចូល​ខ្លួនទៅបម្រើនៅក្នុងស្ថាប័ន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅការចូលរួមនោះ ថាជាការចូលរួមចំណែករំលោភ​សិទិ្ធមនុស្ស និងមិនអាច​អព្យាក្រឹតបានឡើយ។

0 comments:

Post a Comment